ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (១០ កញ្ញា ២០២០)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ផ្តល់ប្រាក់កម្ចី ១២៧,៨ លានដុល្លារគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី​ ​ដើម្បី​ជួយឱ្យរាជធានីភ្នំពេញនិងខេត្ត ៣ ផ្សេងទៀតនៃប្រទេសកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកប​ដោយ​ស្ថេរភាពនិងអាចទុកចិត្តបាន។

គម្រោងនេះ​ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់ នៅក្នុង​ប្រទេសកម្ពុជាដោយប្រើថវិកាចំនួន ៦.៧ លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង ៤,៧ លានដុល្លារ ពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ​(Strategic Climate Fund)​នៃការពង្រីកការអនុវត្ត កម្មវិធីថាមពល កកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប​ និង ២ លានដុល្លារពីមូលនិធិថាមពលស្អាត(Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត​ (Clean Energy Financing Partnership Facility)។ មូលនិធិទាំងពីរត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា “គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយជាបន្ត របស់ធនាគារអភិវឌ្ឍន៍ អាស៊ីដល់ប្រទេសកម្ពុជាក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់​អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន អាចត្រូវបានផ្តល់ជូន ក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយសមធម៌។ ​​ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ នឹងបង្ហាញពីរបៀប ដែលការអភិវឌ្ឍ ខ្នាតធំ​នៃការអនុវត្ត ​បច្ចេកវិទ្យាច្នៃប្រឌិតថ្មី អាចត្រូវបានប្រើ ដើម្បីដំណើរការបណ្តាញអគ្គិសនី ក្នុង ប្រទេសកម្ពុជានាពេលអនាគត និង ដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត។

រាជរដ្ឋាភិបាល​ បានកំណត់ការអភិវឌ្ឍវិស័យថាមពល ជាអាទិភាពរបស់ជាតិ ព្រោះថាការផ្គត់ផ្គង់​អគ្គិសនីកាន់តែរឹងមាំ នឹងជួយជំរុញផលិតភាពសេដ្ឋកិច្ចនិងគុណភាពជីវិត។ ខណៈពេលដែលកម្ពុជា មាន​ការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការផលិតថាមពលតម្លៃទាបក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក​ហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត ដែលមានស្រាប់កំពុងឈានដល់ការប្រើប្រាស់អស់សមត្ថភាព ហើយត្រូវការ ការពង្រីកនិងពង្រឹងបន្ថែម ដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់។

គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិ របស់ប្រទេសកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញ បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន ៤ និងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ ឆ្នាំង  កំពង់ចាម និងតាកែវ។

គម្រោងផ្ទុកថាមពលដោយអាគុយ ​សាកល្បង ដែលមានទីតាំងស្ថិតនៅក្បែរឧទ្យានថាមពល​ព្រះអាទិត្យមានកម្លាំង ១០០ មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹងរួមបញ្ចូល នូវការបណ្តុះបណ្តាល បច្ចេកទេសផងដែរ។ រាជរដ្ឋាភិបាលគ្រោង នឹងបង្កើនសមត្ថភាពផលិត​ចរន្តអគ្គិសនី ថាមពលព្រះអាទិត្យ ដល់ ៤១៥ មេហ្គាវ៉ាត់នៅឆ្នាំ ២០២២ ពោលគឺកើនឡើងពី ១៥៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០១៩ ។ ប្រព័ន្ធផ្ទុក​ថាមពលដោយអាគុយ​ ដែលគាំទ្រដោយគម្រោងនេះ មានសមត្ថភាពសន្សំថាមពលអគ្គិសនី ១៦ មេហ្គាវ៉ាត់ម៉ោង និងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូល ថាមពលកកើតឡើងវិញ ការបន្ថយការកកស្ទះ ការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។

លោកស្រី​ Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB មានប្រសាសន៍ថា​    “គម្រោង តាមរយៈ ការផ្តល់ហិរញ្ញប្បទាន និង ការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចន្តចាំបាច់ សម្រាប់ ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព នឹងជម្រុញផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា សមត្ថភាព ប្រកួតប្រជែង​​ និងការធ្វើពិពិធកម្មនានា បង្កើតការងារ និងគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេស ពីវិបត្តិនៃការរាតត្បាតនៃ COVID-19។ គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ចំនួន ១៣០០ នៅក្នុង វិស័យសំណង់ ជាមួយនឹងការផ្តល់ជាប្រយោជន៍ ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វាក៏នឹងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជា(EDC) ក្នុងការលើកកម្ពស់បរិយាប័ន្ន និងសមភាពយេនឌ័រ នៅកន្លែងធ្វើការនិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យថាមពល។”

ជំងឺរាតត្បាត​ COVID-19 គម្រាមកំហែងកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែល មានអត្រាជាមធ្យម ៧,១% ជារៀងរាល់ឆ្នាំ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ។ សេដ្ឋកិច្ចកម្ពុជា ត្រូវបាន ព្យាករថានឹងធ្លាក់ចុះក្នុងរង្វង់ -៥,៥ ភាគរយនៅឆ្នាំ ២០២០ ដែលអាចជំរុញប្រជាពលរដ្ឋប្រមាណ ១,៣ លាននាក់បន្ថែមទៀតឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។​ រាជដ្ឋាភិបាល កំពុងអនុវត្តកម្មវិធីជំនួយ ដើម្បីកាត់ បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកសង្គមនិងសេដ្ឋកិច្ច។

ចាប់តាំងពីឆ្នាំ ១៩៩៤ មក​ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជិត ២០០ លានដុល្លារ ដល់វិស័យថាមពល របស់ប្រទេសកម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ ៦ លាន ដុល្លារ។ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តោតលើការពង្រីកបណ្តាញបញ្ជូន និងចែកចាយចរន្ត និង គាំទ្រដល់កំណែទម្រង់ វិស័យអគ្គិសនី ព្រមទាំងការកសាងសមត្ថភាពស្ថាប័ន។ កាលពីឆ្នាំមុន ធនាគារ អភិវឌ្ឍន៍អាស៊ីបានផ្តល់ ៧,៦៤ លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានពន្លឺព្រះអាទិត្យតាមរយៈ​ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន រួមជាមួយការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់នេះ។

Media Contact