ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (១៥ កុម្ភៈ ២០២២) — ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ រួមមានការចាក់វ៉ាក់សាំងជំរុញប្រចាំ ឆ្នាំសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និង ការចាក់វ៉ាក់សាំងមូលដ្ឋានសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។
លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB មានប្រសាសន៍ថា “គម្រោង នេះនឹងជួយកម្ពុជាដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿននៃ ការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ១លានដុល្លារ ផង ដែរ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូននិងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហាប្រឈមក្នុងការទទួលបានវ៉ាក់សំាងក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ។”
ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ១៩ ក្នុង ឆ្នាំ២០២០។ ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បានបង្កជាសម្ពោធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាព ហើយបណ្តាលឱ្យមានការបិទសាលារៀន និងអាជីវកម្មជាច្រើន មួយរយៈពេលធំក្នុងឆ្នាំនោះ។
ប្រទេសកម្ពុជាបានផ្តល់ចាក់វ៉ាក់សាំងយ៉ាងពេញលេញដល់ប្រជាពលរដ្ឋប្រមាណ ៨០% នៃប្រជា ពលរដ្ឋសរុប ១៦,៧ លាននាក់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី ១0 ខែ កុម្ភៈ ឆ្នាំ២០២១ មក។ ជាមធ្យម ពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬ ២១,៨% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ទោះបីជាយ៉ាងនេះក្តី ប្រព័ន្ធសុខាភិបាលរបស់ប្រទេស នៅតែ ងាយរងគ្រោះចំពោះការកើនឡើងនៃការឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។
បន្ថែមពីលើប្រាក់កម្ចី ដែលបានមកពីមូលនិធិសម្រាប់ការទទួលបានវ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិក(Asia Pacific Vaccine Access Facility ឬហៅកាត់ថា APVAX) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) រំពឹងថានឹងផ្តល់ជាសហហិរញ្ញប្បទានចំនួន ៥0 លានដុល្លារ បើមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន។
គម្រោងខាងលើ ជាការគាំទ្របន្ថែមទៅលើជំនួយទាក់ទងនឹងកូវីដ១៩កន្លងទៅរបស់ ADB ដល់កម្ពុជា។ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សង្គម និងសេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ ១,៧ លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ ២០២១ ផងដែរ។
ចាប់តាំងពីឆ្នាំ ២០០៥ មក ADB បានគាំទ្រគម្រោងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ របស់ក្រសួងសុខា ភិបាលកម្ពុជា។ នៅខែតុលា ឆ្នាំ ២០២១ ADB បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៣0 លានដុល្លារសម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ (Greater Mekong Subregion Health Security Project) ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមានការកើនឡើងនៃ ករណីជំងឺកូវីដ១៩។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។