រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  (៦ កុម្ភៈ ២០២៤) — ធនាគារពាណិជ្ជកម្មក្រៅ ប្រទេស នៃកម្ពុជា(FTB) បានចូលរួមជាមួយកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ (Trade and Supply Chain Finance Program ហៅកាត់ថា TSCFP) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបង្កើន ហិរញ្ញវត្ថុពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ  តូច និង មធ្យម (MSMEs) របស់ប្រទេស។

នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma និងនាយក ប្រតិបត្តិរបស់ FTB លោក ឌិត សុចល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នា ថ្ងៃនេះ នៅនិវាស ដ្ឋានបេសកកម្មប្រចាំនៅកម្ពុជា របស់ ADB ក្នុងទីក្រុងភ្នំពេញ។

លោកស្រី Jyotsana Varma មានប្រសាសន៍ថា «កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃគំនិត ផ្តួចផ្តើម អភិវឌ្ឍន៍ វិស័យឯកជនរបស់ ADB ដើម្បីលើក កម្ពស់ ការចូលរួមរបស់វិស័យនេះ ក្នុងការធ្វើ ពិពិធកម្ម សេដ្ឋកិច្ច របស់កម្ពុជា។ វានឹងដោះស្រាយគម្លាតទីផ្សារ ដោយផ្តល់ហិរញ្ញប្បទានតាមរយៈ ធនាគារដៃគូ ដើម្បីគាំទ្រ ដល់ពាណិជ្ជកម្ម និងសហគ្រាសធុន មីក្រូ តូច និងមធ្យម ដែលតំណាងឱ្យ ប្រមាណ ៩៩% នៃសហ គ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា។»

ក្នុងនាមជាធនាគារដៃគូរបស់TSCFP ធនាគារពាណិជ្ជកម្មក្រៅបរទេសនៃកម្ពុជា នឹងផ្តល់ការ គាំទ្រ ដល់អតិថិជនជាសហគ្រិន និង MSME នៅក្នុងប្រទេសកម្ពុជា ដោយអនុញ្ញាតឱ្យឧបករណ៍ ហិរញ្ញវត្ថុ ពាណិជ្ជកម្មដែលចេញដោយ FTB ទទួលបានការធានាឥណទានពី TSCFP ។ ជំនួយនេះត្រូវ បាន រំពឹងថានឹងជួយបង្កើនចំនួនធនាគារអន្តរជាតិចូលរួមក្នុងទីផ្សារកម្ពុជា។ 

ពាណិជ្ជកម្មគឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ ថ្មីនេះនឹងផ្តល់ឱកាសបន្ថែមទៀតដើម្បីពង្រីកការគាំទ្រសម្រាប់ជំនួញ និងពាណិជ្ជកម្មក្នុងតំបន់ និង អន្តរជាតិ។ ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់ប្រទេស ដោយផ្តល់ ប្រាក់កម្ចី ប្រចាំឆ្នាំជាមធ្យម ប្រមាណ ៣៦៣,២៨ លានដុល្លារចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។

ដើម្បីធ្វើឱ្យកិច្ចសហការមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន FTB បាននិងកំពុងធ្វើការ ជាមួយ TSCFP រួចហើយ ដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួនក្នុងការសម្របសម្រួល ពាណិជ្ជកម្ម។ TSCFP បានជួយកសាងសមត្ថភាពនៅក្នុង FTB លើការរៀបចំរបាយការណ៍ ការអនុវត្ត ល្អៗ យុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត កម្មវិធីបណ្តុះបណ្តាល និងការវាស់វែង ការអនុវត្ត។

គាំទ្រដោយចំណាត់ថ្នាក់ឥណទាន AAA របស់ ធនាគារអភិវឌ្ឍន៍អាស៊ី TSCFPផ្តល់ប្រាក់កម្ចី និងការធានាដល់ធនាគារដៃគូជាង ២00 ដើម្បីគាំទ្រពាណិជ្ជកម្ម ដែលបង្កើនការនាំចូល និងការនាំ ចេញ ដើម្បីជំរុញកំណើនសេដ្ខកិច្ច។ ចាប់តាំងពីឆ្នាំ ២០០៩  មក TSCFP បានគាំទ្រជាទឹកប្រាក់ ប្រមាណ ៥៧ ពាន់លានដុល្លារ សម្រាប់ជំនួញ នៅក្នុងប្រតិបត្តិការជាង ៥៤.000 នៅក្នុងទីផ្សារ កំពុង ផុសឡើង (emerging markets)។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែល ក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

Media Contact