ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន​ (២១ តុលា ២០២០)៖ លោក Masatsugu Asakawa ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃនេះ​ បានស្នើឱ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍​ ពង្រីក​ការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធានានូវលទ្ធភាពទទួលបាននូវបច្ចេកវិទ្យាប្រកបដោយសមធម៌ ខណៈ ដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។

លោក Asakawa បានមានប្រសាសន៍នៅក្នុងសុន្ទរកថាសម្រាប់សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍​ដំបូងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីថា “យើងត្រូវតែភ្ជិត គម្លាតឌីជីថល និងពង្រីកការវិនិយោគបច្ចុប្បន្នលើ ហេដ្ឋារចនាសម្ព័ន្ធ​​ ឌីជីថល​តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណេត ល្បឿនលឿន និងមាន គុណភាពខ្ពស់ ព្រមទាំងធានាបាននូវការប្រើប្រាស់អ៊ិនធឺណិតដែលមានតំលៃសមរម្យ។ ជំហានទាំងនេះ ក៏អាចលើកកម្ពស់ការទទួលបានសេវាសង្គមមូលដ្ឋាន ដូចជាសម្រាប់ផ្នែកសុខភាព និងការអប់រំ និងការ ទទួលបានសេវាហិរញ្ញវត្ថុ។ ការវិនិយោគទាំងនេះនឹងជួយដល់បណ្តាប្រទេសនានា ដោះស្រាយឱ្យកាន់តែ ប្រសើរឡើង នូវមិនស្មើគ្នានៃប្រាក់ចំណូល និងភាពខុសគ្នាកាន់តែខ្លាំងឡើងៗ នៃឱកាសដែលបង្កឡើង ដោយជំងឺរាតត្បាតនេះ។

សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ មានគោលបំណងផ្តល់ជូនមន្រ្តីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃ ទៀតនូវទស្សនវិស័យទូលំទូលាយលើបញ្ហាអភិវឌ្ឍន៍សំខាន់ៗ។ នៅពេលដែលបណ្តាប្រទេសក្នុងតំបន់បន្ត ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ព្រឹត្តិការណ៍ចាប់ផ្តើមសម្រាប់ឆ្នាំនេះ ផ្តោតលើការផ្តល់ចំណេះ ដឹង ដល់ប្រទេសនានា ខណៈពួកគេកំពុងងើបចេញពីផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម។

លោក Sri Mulyani Indrawati រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានថ្លែងសុន្ទរកថាបើក បន្ទាប់មកមានកិច្ចពិភាក្សាជាន់ខ្ពស់មួយស្តីអំពី “ភាពធម្មតាថ្មី៖ ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈ ការច្នៃប្រឌិត ឌីជីថល” ដោយលោក Ahmed M. Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី; រដ្ឋមន្រ្តីក្រសួងអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Nadiem Anwar Makarim; អ្នកគ្រប់គ្រងទូទៅ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកផ្នែកសាធារណៈក្រុមសហ៊ុន Microsoft Sherie Ng; អនុប្រធានកិច្ចការ រដ្ឋាភិបាល ​​និងគោលនយោបាយសាធារណៈ អាស៊ីប៉ាស៊ីហ្វិក​ នៃGoogle Ambassador (rt) Ted Tedius; អនុប្រធានជាន់ខ្ពស់នៃភាពជាដៃគូសាធារណៈ របស់ Mastercard Mimi Alemayehou និងអ្នកគ្រប់គ្រងដៃគូ​នៅ  500 Startups Khailee Ng ។

នៅក្នុងសុន្ទរកថាគន្លឹះរបស់លោក លោក Asakawa បានលើកឡើងពីគោលនយោបាយ សំខាន់ៗ ចំនួន៥ ដែលអាចគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ នៅពេលប្រទេសនានាក្នុងតំបន់ វិល ត្រឡប់ទៅរកមាគ៌ានៃកំណើនប្រកបដោយចីរភាព៖

  • ទី១ ត្រូវដោះស្រាយគម្លាតនានានៅក្នុងតំបន់និងធានាបាននូវការទទួលបាននូវបច្ចេកវិទ្យាដែលមានសមភាពជាងមុន រួមទាំងការពង្រីក ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ដើម្បីភ្ជិត “គម្លាតឌីជីថល” ខណៈពេលកំពុងដោះស្រាយសន្តិសុខតាមអ៊ីនធឺណិត។
  • ទី២ ជួយសម្រួលដល់ការស្តារឡើងវិញប្រកបដោយភាពបៃតងនិងធន់ តាមរយៈការជំរុញ​ការវិនិយោគលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ឆ្ពោះទៅរកការអនុវត្តកាបូនទាបនិងធន់។
  • ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ដោយកែលម្អការតភ្ជាប់ ឌីជីថល ឆ្លងកាត់ព្រំដែន  ប្រព័ន្ធគយ  និងប្រព័ន្ធតាមដានទំនិញអេឡិចត្រូនិក។
  • ទី ៤ ពង្រឹងសមត្ថភាពស្ថាប័នក្នុងការកៀរគរធនធានក្នុងស្រុកដើម្បីផ្តល់ហិរញ្ញប្បទានដល់​សេវាសាធារណៈទន្ទឹមគ្នានឹងការធានាបាននិរន្តរភាពបំណុល។
  • ទី ៥ បង្កើត និងអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម (SMEs) ជាមួយនឹង សហគ្រិនភាព និងបច្ចេកវិទ្យា ដែលគាំទ្រដោយ ប្រព័ន្ធហិរញ្ញវត្ថុហិរញ្ញវត្ថុ ការពង្រឹង សមត្ថភាព​ និងអាជីវកម្មប្រព័ន្ធ អេកូឡូស៊ី ដើម្បីជួយនាំផ្លូវការរីកចម្រើន ផ្អែកលើ បច្ចេកវិទ្យា។

ខណៈដែលឌីជីថលក្លាយ ជាផ្នែកសំខាន់មួយ នៃការងើបឡើងវិញនៃសេដ្ឋកិច្ច សម្រាប់រយៈពេល វែង ​វាគ្មិនបានពិភាក្សាពី វិធីដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការច្នៃប្រឌិត ឌីជីថល​វិធីដើម្បីជំរុញបរិយាកាសក្នុងការអនុវត្តបច្ចេកវិទ្យា និងវិធីដើម្បីប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការថែទាំ សុខភាពនិងការរៀនសូត្រពីចម្ងាយ។ អ្នកចូលរួមក៏បានរិះរកវិធីដើម្បីជួយសម្រួលដល់ការស្តារឡើងវិញ ប្រកបដោយភាពបៃតង និងធន់​ ដោយជំរុញការវិនិយោគ ប្រកបដោយអាកាសធាតុតនិងបរិស្ថានមេត្រី។ ឧទាហរណ៍ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ អាចគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ និងការដឹកជញ្ជូនតាម ពេលវេលាជាក់លាក់ ដើម្បីគ្រប់គ្រងការកកស្ទះ និងកាត់បន្ថយការបំពុលបរិយាកាស ខណៈប្រព័ន្ធ បណ្តាញអគ្គិសនី កំពុងជួយធានានូវការផ្គត់ផ្គង់ថាមពល ប្រកបដោយប្រសិទ្ធភាព សម្រាប់ការស្តារ ឡើងវិញប្រកបដោយភាពបៃតង។

ព្រឹត្តិការណ៍អនឡាញរយៈពេលមួយថ្ងៃ បានទាក់ទាញមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មន្ត្រីតំណាង វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធដទៃទៀត ចំនួនជាង ១.៧០០ នាក់​ មកពីប្រទេសចំនួន ៥៧។

ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាថានឹងសម្រេចបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ ​និងនិរន្តរភាព នៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របពេលជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី គ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងចំណោមនោះ ៤៩ មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

Media Contact