ធនាគារអភិវឌ្ឍន៍អាស៊ីបានជួយប្រែក្លាយអតីតប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គដែលខ្ទេចខ្ទាំដោយសង្រ្គាម ដូចជា កម្ពុជា ឡាវ និងវៀតណាម ឱ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដែលកំពុងមានប្រជាប្រិយភាព។

ជាច្រើនឆ្នាំកន្លងមក ស្រ្តីមេម៉ាយជនជាតិឡាវម្នាក់ ឈ្មោះ សុំឈិត បានប្តូរទីលំនៅជាមួយកូនស្រីវ័យក្មេងរបស់ គាត់ចំនួន៤នាក់ ពីភាគខាងត្បូងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រឡប់ទៅរស់នៅស្រុក កំណើតរបស់គាត់វិញដែលស្ថិតនៅ បានវៀងនូ។ គាត់ខិតខំផ្គត់ផ្គង់គ្រួសារទាំងលំបាក ដោយស្រូវដែលគាត់​ប្រមូលផលបាន សឹងតែចិញ្ចឹមគ្រួសារមិនរស់។ ប៉ុន្តែ ក្រោយមក មូលនិធិពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៃ មហាអនុតំបន់ទន្លេមេគង្គ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានកំណត់ថា បានវៀងនូ ជា​ “ភូមិវប្បធម៌” មួយ បានធ្វើឱ្យ សុំឈិត ទទួលបានប្រាក់កម្រៃពីការងារជាអ្នកសំអាតនៅក្នុងផ្ទះសំណាក់មួយ។ បន្ទប់មក គម្រោងនេះ បានបណ្តុះបណ្តាលគាត់អំពីជំនាញរចនាកាបូបយួរ។ នៅពេលដែលទំនុកចិត្តរបស់គាត់កាន់តែមានការកើនឡើង គាត់ក៏បានអភិវឌ្ឍន៍ជំនាញក្លាយជាអ្នកតម្បាញម្នាក់។

ជំនាញទាំងនេះ និងការរចនាម៉ូដរបស់គាត់ក្នុងការផលិតសំពត់ប្រពៃណីរបស់ឡាវ (ស៊ីន) បានធ្វើឱ្យប្រាក់ ចំណូលប្រចាំខែរបស់គាត់កើនឡើងដល់ ៣៤០ ដុល្លា។ ការលក់សំពត់ទាំងនេះ បានបង្កលក្ខណៈឱ្យគាត់អាច ចិញ្ចឹមគ្រួសាររបស់គាត់ និងបញ្ជូនកូនស្រីរបស់គាត់ទៅសាលារៀនបាន។ សុំឈិត បាននិយាយថា “អ្វីដែល សំខាន់ធំធេងបំផុត សម្រាប់ខ្ញុំគឺខ្ញុំទទួលបានការគោរពពីអ្នកភូមិ និងកូនស្រីរបស់ខ្ញុំ ព្រោះខ្ញុំអាចមានលទ្ធភាព ផ្គត់ផ្គង់ពួកគេបាន”។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រដល់វិស័យទេសចរណ៍

សុំឈិត គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់លាននាក់ ដែលបានទទួលប្រយោជន៍ដោយផ្ទាល់ និងប្រយោល ពីគម្រោងដែលធនាគារអភិវឌ្ឍន៍អាស៊ីបានចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០០៣ ក្នុងប្រទេសកម្ពុជា ឡាវ និង វៀតណាម។ គម្រោងនេះបានបញ្ចប់ក្នុងឆ្នាំ២០១១។

ដោយសារតែឧស្សាហកម្មនេះត្រូវប្រើប្រាស់កម្លាំងពលកម្មខ្លាំង ហើយអ្នកចូលរួមភាគច្រើននៅក្នុងធុរកិច្ចគឺជា ប្រតិបត្តិករខ្នាតតូច ដូច្នេះ គេអាចមានអារម្មណ៍ដឹងបានយ៉ាងឆាប់រហ័សអំពីឥទ្ធិពលនៃវិស័យទេសចរណ៍ដ៏រស់ រវើកនេះ ហើយប្រយោជន៍របស់វាបានជ្រៀតចូលទៅក្នុងរាល់គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរស់នៅ។

ប្រទេសទាំងបីនេះ បានរួមចំណែកផ្តល់មូលនិធិគាំទ្រគម្រោងនេះចំនួន៣៥លានដុល្លា។ ធនាគារអភិវឌ្ឍន៍អាស៊ី បានវិភាជន៍ថវិកាចំនួន ១៥,៦លានដុល្លា សម្រាប់ប្រទេសកម្ពុជា ១០,៩លានដុល្លា សម្រាប់ប្រទេសឡាវ និង ៨,៥លានដុល្លា សម្រាប់ប្រទេសវៀតណាម ចំពោះគម្រោងនេះ ដែលបង្ហាញអំពីការលើកកម្ពស់កិច្ចសហប្រ- តិបត្តិការ និងសមាហរណកម្មតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ទូទាំងតំបន់អាស៊ី និង ប៉ាស៊ីហ្វិក។ ដូចគ្នា ទៅនឹងប្រតិបត្តិការដទៃទៀតរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែរ គោលបំណងគឺសំដៅកាត់បន្ថយភាពក្រីក្រ និង បង្កើនកំណើនសេដ្ឋកិច្ច ក្នុងលក្ខណៈដែលផ្តល់ការគោរពចំពោះបរិស្ថាន និងវប្បធម៌។ គេមានអារម្មណ៍ថា ភាពជោគជ័យរបស់គម្រោង ត្រូវបានមើលឃើញទូទាំងតំបន់ ក្នុងលក្ខណៈជាច្រើនផ្សេងៗគ្នា។ ឥឡូវនេះ ភ្ញៀវទេសចរដែលមានភាពក្លាហានចូលចិត្តធ្វើដំណើរឆ្លងភ្នំនៅប្រទេសឡាវ អាចស្នាក់នៅតាមផ្ទះរបស់ប្រជាជន ឬ កន្លែងស្នាក់នៅដែលសហគមន៍បានសាងសង់ ឬ ទិញសំពត់ និងអាវស្រ្តីមានពណ៌ស្រស់ស្អាតដែល សុំឈិត និងអ្នកដទៃទៀតជាអ្នកត្បាញ។

ប្រសិនបើគេចង់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គទាំងបីនេះ ត្រូវ          កែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។ ដូច្នេះ នៅប្រទេសឡាវ គម្រោងបានសាងសង់ស្ថានីយថ្មីមួយ អគា ត្រួតពិនិត្យចរាចរយន្តហោះ និង ផ្លូវសម្រាប់យន្តហោះរត់ចម្ងាយ ១.៦០០ម៉ែត្រ ដើម្បីអនុញ្ញាតឱ្យយន្តហោះធំៗ និងអ្នកដំណើរកាន់តែច្រើនជាងនេះ អាចប្រើប្រាស់អាកាសយានដ្ឋាន លួងណាំថា បាន។ គម្រោងក៏បានកែលម្អ ផ្លូវចូលចម្ងាយ ២៦គីឡូម៉ែត្រ ទៅទឹកជ្រោះ ក្វាងស៊ី ដែលជាគោលដៅទេសចរមួយផងដែរ។ ការធ្វើបែបនេះ ជួយកាត់បន្ថយរយៈពេលធ្វើដំណើរពី លួងប្រាបាង ដែលស្ថិតនៅក្បែនោះ បានជាងពាក់កណ្តាល។

នៅខេត្តសៀមរាប ក្នុងប្រទេសកម្ពុជា ការផ្តល់មូលនិធិបានបង្កលក្ខណៈឱ្យទីក្រុងអាចប្តូរប្រព័ន្ធទឹកចាស់របស់ខ្លួន ដោយជំនួសមកវិញនូវប្រព័ន្ធលូបង្ហូរទឹកថ្មី ប្រឡាយបង្ហូរទឹក និងប្រព័ន្ធគ្រប់គ្រងទឹកភ្លៀង។ ទាំងនេះមិនត្រឹមតែ ជួយកាត់បន្ថយហានិភ័យនៃជម្ងឺដែលបង្កឡើងដោយទឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យទីក្រុងកាន់តែមានភាពទាក់ ទាញចំពោះភ្ញៀវទេសចររាប់ពាន់នាក់ ដែលមកទស្សនាប្រាសាទអង្គវត្តដ៏ល្បីល្បាញក្នុងពិភពលោកផងដែរ។

នៅក្នុងប្រទេសវៀតណាម គម្រោងផែទន្លេទេសចរ មីថូ បានសាងសង់ឧទ្យានទេសភាពសាធារណៈមួយនៅ ទៀនជាំង ដោយបានសាងសង់ផែបណ្តែតទឹកជាប់នឹងច្រាំងទន្លេ ព្រមទាំងបានបន្ថែមស្ថានីយអ្នកដំណើរមួយ ផងដែរ។

ការបង្កើតការងារ និងការបង្កើនប្រាក់ចំណូល

អន្តរាគមន៍ទាំងនេះ បាននាំឱ្យមានផលប៉ះពាល់ចម្បងៗទៅលើឧស្សាហកម្មទេសចរណ៍។ ដំណើរមកដល់របស់ ជនបរទេសនៅក្នុងប្រទេសទាំងបីនេះ បានកើនឡើងពីតិចជាង ១៧លាននាក់ ក្នុងឆ្នាំ២០០២ រហូតរដល់ជាង ៣០លាននាក់ ក្នុងឆ្នាំ២០១០។ គេជឿថា វិស័យទេសចរណ៍ទទួលបានថវិកាចំនួន២២ពាន់លានដុល្លា នៅក្នុង សកម្មភាពសេដ្ឋកិច្ចក្នុងឆ្នាំនោះ ព្រមទាំងបានផ្តល់ការងារ និង ប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនចំនួន ៤,២លាននាក់។ គិតត្រឹមឆ្នាំ២០១៥ គេរំពឹងថាចំនួនភ្ញៀវទេសចរបរទេស នឹងកើនឡើងរហូតដល់៥០លាននាក់ ព្រមទាំងជួយធានានិរន្តរភាពការងារសម្រាប់មនុស្សចំនួន ៧,៣លាននាក់ នៅក្នុងប្រទេសទាំងបីនេះដែលអនុវត្ត គម្រោង។

ប្រាក់ដែលផ្ញើទៅសហគមន៍ជនបទ ពីតំបន់ទេសចរណ៍ដែលសមាជិកគ្រួសារធ្វើការងារ មានការកើនឡើង។ ការសិក្សាមួយក្នុងឆ្នាំ២០១០ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានរកឃើញថា បុរស និងស្រ្តីជាង៧៥% ដែលធ្វើ ការងារនៅតាមសណ្ឋាគារក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ បានផ្ញើប្រាក់ជាង ១,២លានដុល្លា ក្នុងមួយខែ ទៅឱ្យអ្នកផ្ទះរបស់ពួកគេ។

ដោយសារតែឧស្សាហកម្មនេះត្រូវប្រើប្រាស់កម្លាំងពលកម្មខ្លាំង ហើយអ្នកចូលរួមភាគច្រើននៅក្នុងធុរកិច្ចគឺជា ប្រតិបត្តិករខ្នាតតូច ដូច្នេះគេអាចមានអារម្មណ៍ដឹងបានយ៉ាងឆាប់រហ័សអំពីឥទ្ធិពលនៃវិស័យទេសចរណ៍ដ៏រស់ រវើកនេះ ហើយប្រយោជន៍របស់វាបានជ្រៀតចូលទៅក្នុងរាល់គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរស់នៅ។ ចូរពិចារណា អំពីអ្នកភូមិ ថាផែន ដែលជាកន្លែងរស់នៅរបស់ក្រុមជនជាតិដើមភាគតិច ឃ្មូ។ មុនពេលកែលម្អផ្លូវភ្ជាប់ទៅ ទឹកជ្រោះ ខ្វាងស៊ី ដែលស្ថិតនៅជិតនោះ​ បូផាន់ ចន្ថាវ៉ាឌី ដែលមានវ័យ ៥២ឆ្នាំ រស់នៅពឹងផ្អែកលើដំណាំ យថាផល។ បូផាន់ បានផ្តល់កំណើតកូនចំនួន៨នាក់ ដោយគ្មាននរណាមើលនៅឯផ្ទះ ដូច្នេះគាត់ក៏បាត់បង់ កូនចំនួន៤នាក់។

ប៉ុន្តែ នៅពេលដែលផ្លូវថ្មីបានបើកឱ្យដំណើរការ គាត់បានចាប់ផ្តើមលក់គុយទាវ និង ផ្លែឈើ នៅឯច្រកចូលទៅ ទឹកជ្រោះ។ គាត់បានបង្កើនប្រាក់ចំណូលរបស់គាត់រហូតដល់ ១៥០ដុល្លាក្នុងមួយខែ ដែលកំណើននៃប្រាក់ ចំណូលនេះ បានធ្វើឱ្យគាត់អាចទិញដុំឥដ្ឋ និងការ៉ូ ដែលស្វាមីរបស់គាត់ប្រើប្រាស់សម្រាប់សង់ផ្ទះថ្មីរបស់ពួក គាត់។​ គាត់អាចបង់ប្រាក់ចំនួន១ដុល្លាក្នុងមួយខែ សម្រាប់ការធានារ៉ាប់រងសុខភាពគ្រួសារទាំងមូល។ បូផាន់ បាននិយាយថា “ជីវិតរស់នៅរបស់យើងបានមានភាពប្រសើរជាងមុន ហើយអនាគតក៏មានភាពភ្លឺស្វាង”។

អត្ថបទនេះត្រូវបានបោះពុម្ពដំបូងនៅក្នុង របាយការណ៍មួយដែលមានឈ្មោះថា Together We Deliver ដែលជាឯកសារឆ្លុះបញ្ចាំងអំពីគម្រោងជោគជ័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានបង្ហាញឱ្យឃើញអំពីផលប៉ះពាល់នៃការអភិវឌ្ឍន៍ ការអនុវត្តន៍ដែលល្អបំផុត និងនវានុវត្តន៍។

SHARE THIS PAGE